ស្រ្តីម្នាក់ត្រូវបានរថយន្តបាញ់បេតុង១គ្រឿង បើកបុកពីក្រោយ និងកិនទាំងកំរោល បណ្តាលឲ្យដាច់ខ្លួនជាពីរបែកសាច់ខ្ទេច ខណៈគាត់កំពុងឈប់ម៉ូតូនៅចំណុចភ្លើងស្តុប។ ហេតុការណ៍ដ៏មហាសែនរន្ធត់នេះ កើតឡើងនៅចំណុចភ្លើងស្តុប ផ្លូវ២១៧ ទល់មុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាម៉ោង៩ និង ២០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
សាកសពស្ដ្រីរងគ្រោះមានឈ្មោះ ថៃ ណា អាយុ៣១ ឆ្នាំមុខរបរ លក់មាន់ ស្នាក់នៅភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ មានស្រុកកំណើត ខេត្ដព្រៃវែង ។ ចំណែកតៃកុងរថយន្ដមានឈ្មោះ សម្បត្ដិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរក្រុមហ៊ុនត្រាហ្កនសីធី មានស្រុកកំណើតភូមិចាក់ត្រាំង ឃុំក្រវ៉ាញ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិពាំងរាំង ខណ្ឌសែនសុខ ។
បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះផ្ទាល់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខកំពត 1J-1061 បើកបរតែម្នាក់ឯង ដោយដឹកមាន់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្ដុបកន្លែងកើតហេតុ ស្ដ្រីរងគ្រោះខណៈពេលដែលកំពុងឈប់រង់ចាំភ្លើងស្ដុប ស្រាប់តែរថយន្ដបាញ់បេតុង១គ្រឿងពាក់ផ្លាកលេខ 5A-2423 បើកបរស្របទិសគ្នាមកពីក្រោយ បានបុកកិនស្ត្រីរងគ្រោះដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗគួរឲ្យអាសូរបំផុត ហើយរថយន្ដបង្កក៏បានបើករត់អូសទាំងម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ឃាត់ខ្លួនតៃកុងបានភ្លាមៗផងដែរ។
ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញបានធ្វើការឃាត់ខ្លួនតៃកុង និងអូសរថយន្តបង្ក ទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពស្រ្តីរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕