កាលពីវេលាម៉ោង១១ និង ៤០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ មានហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើងនៅចំណុចផ្ទះលេខ១៩៨A ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ដោយជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពជាញឹកញាប់ លួចសម្លៀកបំពាក់នារីៗជាពិសេសនោះអាវក្នុង និងខោលីអូតែម្ដង។
បុរសរោគចិត្តនេះដែលមានឈ្មោះ ព្រីង សំរស់ អាយុ ៣៤ ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានចោទប្រកាន់ពីបទចោរកម្មបន្ទាប់ពីបានលបចូលទៅលួចសម្លៀកបំពាក់ស្រីៗហើយត្រូវបាននារីរងគ្រោះប្រទះឃេីញក៏បានស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាដេញចាប់បានតែម្តង។
ប៉ុន្តែ ពិតជាហួសចិត្តជាខ្លាំង នៅពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យរូបនេះបានប្រាប់ថា ខ្លួនមានជនមិនស្គាល់មុខធ្វើមន្តអាគមដាក់ ហើយតម្រូវឲ្យលួចសំលៀកបំពាក់ស្រីៗ ជាពិសេសអាវក្នុង និងខោលីអូរបស់នារីតែម្ដងទើបអំពើនោះធ្វើមិនចូល៕