ក្រោយមានការងឿងឆ្ងល់ ហេតុអ្វីគ្រាន់តែសំបកគ្រាប់ យកមកធ្វើជួងយ៉ាងស្រស់ស្អាត ចាំបាច់ដកហូត ស្រាប់តែមេ CMAC ពន្យល់ហេតុផលថា….

កាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ខាងមន្រ្តីស៊ីម៉ាក់បានចុះទៅសម្របសម្រួលជាមួយអាជ្ញាធរ និងសាលារៀន ដើម្បីសុំធ្វើការដកហូតជួងគ្រាប់បែក នៅសាលារៀន «ជា ស៊ីម រក្សជ័យ» ក្នុងខេត្តព្រៃវែង បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Angkor Thom បានបង្ហោះផ្តល់នូវព័ត៌មាននេះតាមបណ្តាញសង្គម។

ជុំវិញការដកហូតជួងគ្រាប់បែកនេះផងដែរ និងដើម្បីកុំឲ្យសាធារណជន មានការងឿងឆ្ងល់ថា ហេតុអ្វីចាំបាច់ដក គ្រាន់តែសំបកគ្រាប់សោះនោះ លោក ហេង រតនា​ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ​តាមរយៈ​បណ្តាញសង្គមហ្វេសបុកផ្លូវការរបស់លោក​បានពន្យល់ថា «ក្រោយសង្គ្រាមបានបញ្ចប់ គ្រាប់បែកទម្លាក់ពីយន្តហោះ ឬយកសំបកគ្រាប់សំណល់ជាតិផ្ទះពីសង្គ្រាមមួយចំនួនមកធ្វេីជាជួង តាមវត្តអារាម តាមសាលា និងតាមស្នាក់ការភូមិ ស្ទេីតែជារឿងធម្មតាទៅហេីយ គ្មានអ្វីចំឡែកទេ ! ហេីយស្របតាមការរីកចំរេីននិងផ្លាស់ប្តូររបស់សង្គមជាតិ ការប្រេីប្រាស់គ្រាប់សំណល់ជាតិផ្ទុះ សំណល់ពីសង្គ្រាម ទាំងនេះធ្វេីជាឧបករណ៍ប្រេីប្រាស់ ត្រូវបានហាមឃាត់ ដេីម្បីចៀសវាងការផ្តល់សារខុសដល់ក្មេងៗ នឹងអាចបង្កគ្រោះថ្នាក់នៅពេលក្មេងៗអាចលេងវាយគ្រាប់ផេ្សងៗទៀត»។

នាយកមជ្ឈមណ្ឌល CMAC រូបនេះ នៅបានបញ្ចាក់ឲ្យដឹងទៀតថា «គ្រាប់បែកដួងដែលជួបប្រទះនៅតាមវត្តអារាម សាលារៀន និងស្នាក់ការភូមិនោះ ភាគច្រេីនគ្មានរំេសវ និងក្បាលគីបបង្កផ្ទុះទេ ! ប៉ុន្តែដេីម្បីបំរេីគោលការណ៍អប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមនោះ ទេីបត្រូវដកហូត ហេីយនៅសល់តាមវត្តអារាម សាលារៀន និងស្នាក់ការភូមិ មូលដ្ឋានសាធារណៈមួយចំនួនទៀតមិនទាន់ជ្រាប និងមិនទាន់បានដកហូត ដោយគ្មានពត៌មាន! ហេីយបញ្ហានៅសេសសល់នេះ មាននៅក្នុងក្របខណ្ឌ័ទូទាំងប្រទេសមិនមែនតែនៅខេត្តព្រៃវែង ស្វាយរៀង ឬកំពង់ធំ សៀមរាបនោះទេ!»៕