នៅមុននេះបន្តិច (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០) បើយោងតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ បានទម្លាយរឿងរ៉ាវដ៏ចាក់ដោតថា៖ «រថយន្តតែ១ តែម្ចាស់ចង់ដូរពណ៌ ហេីយយកទៅបិទស្ទីកគ័រទេីបធ្វេីអោយមហាជនយល់ច្រលំថាជារថយន្ត២ ប្រេីស្លាកលេខតែ១ ។
ដូច្នេះមិនមែនរថយន្ត២ ប្រេីលេខតែ១ទេ សូមបងប្អូនមេត្តាជ្រាប។ តែម្ចាស់រថយន្ដមិនគួរបិទស្ទីកគ័រដូរពណ៌បែបនេះទេ ព្រោះខុសច្បាប់ ។ យកល្អម្ចាស់រថយន្តគួរតែបកស្ទីកគ័រចេញទុកពណ៌ស ដែលជាពណ៌ចុះបញ្ជីទទួលស្គាល់នៅអគ្គនាយកដ្ឋានដឹកជញ្ជូនទៅ កុំអោយមហាជនយល់ច្រលំ រិះគន់មកលេីអគ្គនាយកដ្ឋានដឹកជញ្ជូន។»
តែយ៉ាងណាមិញ បើទោះជាលោក ផែង វណ្ណៈ ពុំបានបញ្ចេញឈ្មោះម្ចាស់រថយន្តស៊េរីទំនើបនោះ ជារបស់បុគ្គលរូបណាក៏ដោយ ក៏មនុស្សមួយចំនួនហាក់បានស្គាល់យ៉ាងច្បាស់ថា រថយន្តទំនើបកែលេងពណ៌នេះ គឺជារបស់តារាចម្រៀង ងួន ចាន់ដេវិត (G-Devith) ដែលទើបទៅបួសជាព្រះសង្ឃ កាលពីពេលថ្មីៗនេះ។ ក្នុងនោះ បើតាមអ្នកលេងហ្វេសប៊ុក បានបញ្ជាក់ទាំងហួសចិត្តបែបនេះថា៖ «រិះគន់ចុះរិះគន់ឡើងម្ចាស់ទៅបួសបាត់», «ម្ចាស់ទៅបួសហេីយ នៅមានមនុស្សតាមចងកម្មពារទៀត អ្នកទេីស សុទ្ធតែជាមនុស្សខ្លាចគេល្អជាង ខ្លាចគេឡូយជាង»។
សូមបញ្ជាក់ផងដែរ បើតាមច្បាប់ នោះរថយន្តទាំងឡាយណា ដែលប្តូរពណ៌យានយន្តដោយគ្មានការអនុញ្ញាត ឬ បិទពណ៌មិនត្រឹមត្រូវ តាមបណ្ណសម្គាល់យានយន្ត នោះរថយន្តធុនស្រាល នឹងត្រូវផាកពិន័យ ១៨០,០០០ រៀល រីឯរថយន្តធុនធ្ងន់ ៣៧៥,០០០ រៀល៕