ភ្នំពេញ ៖ នៅវេលាម៉ោង ១២ និង ១៣ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងមានការបញ្ជាដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ទទួលការងារសន្តិសុខ និងលោក ឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំង
មានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានិភ្នំពេញ បានចុះបង្រ្កាបក្លឹមកំសាន្តមួយកន្លែងឈ្មោះ ហ្គោលឡាញ(Gold line) ស្ថិតតាមបណ្តោយផ្លូវ១៩៨៦ ក្នងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមលោក មាន ចាន់យ៉ាដា បានឲ្យដឹកថា ការបង្រ្កាបក្លឹបកំសាន្ត ដែលមានមនុស្សចូលកំសាន្តយ៉ាងច្រើនពពាក់ពពួនមួយនេះ ដោយសារក្លឹបកំសាន្តនេះប្រឆាំងនឹងការសរាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការបង្ការទប់ស្កាត់ រីករាលដាលនៃវីរុសកូវីដ១៩ ហើយមិនអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ដែលបានអនុញ្ញាតឲ្យក្លឹបកំសាន្ត ខារ៉ាអូខេ សុំច្បាប់ប្រែក្លាយកន្លែងកំសាន្តទាំងនេះទៅជា ភោជនីយដ្ឋាន និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្នុងប្រតិបត្តិការនោះដែរ ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ២៨២ នាក់ និងបុគ្គលិកបម្រើការក្នុងក្លឹបចំនួន ៤៣នាក់ ហើយបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់ ៕