ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដាក់វិន័យដោយផ្អាកការងារបណ្តោះអាសន្ន ទៅលើនគរបាលខេត្តព្រៃវែងចំនួន ៧ នាក់ ដែលបានចាប់ប្រជាពលរដ្ឋ២នាក់ វាយជាំពេញខ្លួន ជំរិតយកលុយ។ នេះបើតាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ចុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
ជុំវិញរឿងនេះ បើតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ នៅមុននេះបន្តិច (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០) បានសរសេរបញ្ជាក់ប្រាប់ឲ្យដឹងថា៖ « នៅព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ ខ្ញុំបានចុះមកខេត្តព្រៃវែងជួបយុវជន ២នាក់ ជាកម្មករផ្សារដែក ដែលរងគ្រោះដោយសារ លោកអនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ធ្វើទារុណកម្ម និង ជំរឹតយកលុយ ៤ លាន រៀល កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ ទាំងប្អូនទាំងពីរគ្មានកំហុសអ្វីសោះ ។
ពេលខ្ញុំទៅដល់ ទេីបដឹងថា គ្រួសារ យុវជនទាំងពីរជាប្រជាពលរដ្ឋក្រីក្រ រកមួយថ្ងៃរស់មួយថ្ងៃ ហេីយឪពុកម្ដាយយុវជនទាំងពីរបាននាំគ្នាទៅខ្ចីលុយចងការប្រាក់គេម្នាក់ ២លានរៀល សរុប ៤ លានរៀល ដោយគិតការប្រាក់ក្នុងមួយខែ ១២ ម៉ឺនរៀល ដេីម្បីយកទៅអោយលោកអនុសេនីយ៍ឯក ទូច ធារ៉ា ទេីបឈ្មោះ ទូច ធារ៉ា ដោះលែង យុវជនទាំងពីរ ។
ដោយក្ដីអាណិតអាសូរខ្ញុំបានរៃលុយជាមួយមិត្តភក្តិ បានចំនួន ៤ លានរៀល និង ១៣ ម៉ឺនរៀលថែមទៀត អោយពួកគាត់យកទៅសងគេវិញ។
សង្ឃឹមថាយុវជនទាំងពីរនេះ នឹងទទួលបានយុត្តិធម៌ឆាប់ៗ ហេីយមន្ត្រីពាក់ព័ន្ធនឹងត្រូវទទួលទោសតាមច្បាប់ ។»
សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិចំនួន៧រូបនៃស្នងការដ្ឋានគរបាលខេត្តព្រៃវែង ដែលត្រូវបានផ្អាកពីការងារបណ្តោះអាសន្ន រួមមាន៖
១- ឧត្តមសេនីត្រីយ៍ ថោង វណ្ណឌី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន
២- វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន
៣- អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន
៤- អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន
៥- អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន
៦- អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និង៧- អនុសេនីយ៍ទោ យុន តារាភ័ស្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ៕