ស្រ្តីម្នាក់ជាកម្មការិនីរោងចក្រ បានសម្រេចបញ្ចប់ជីវិតទាំងមានផ្ទៃពោះ៣ខែ បន្ទាប់ពីត្រូវបានដឹងថា បានឈ្លោះប្រកែកជាមួយប្តីរបស់នាង និង Live វីដេអូ ស្រែកយំតាមបណ្តាញសង្គមហ្វេសប៊ុក។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួលជាន់ទី២ ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ស្រី ល័ក្ខ អាយុ ២៦ ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើតាមប្អូនស្រីម្នាក់ ដែលរស់នៅបន្ទប់ជិតខាង បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បានឡាយវីដេអូយំស្រែក ក្រោយពីឈ្លោះគ្នាជាមួយប្ដី ហើយក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង។ ពេលនោះ រូបគាត់ក៏ស្ទុះទៅមើល ឃើញស្ត្រីរងគ្រោះខាងលើចងកជាមួយខ្សែអង្រឹងភ្ជាប់នឹងឥដ្ឋខ្យល់លើបង្អួចត្រដរខ្យល់ទៅហើយ ។ ក្រោយឃើញបែបនេះ ភ្លាមៗនោះ រូបគាត់ក៏រត់មកប្រាប់គេឯងឲ្យមកជួយ តែអកុសល្យស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
ប្រភពដដែលក៏បានបន្តដឹងទៀតថា នៅមុនពេលកើតហេតុ រូបគាត់បានឮសំឡេងស្រ្តីរងគ្រោះឈ្លោះប្រកែកគ្នាជាមួយប្តី តែមិនដឹងឈ្លោះគ្នារឿងអ្វីនោះទេ ។ ក្រោយមកប្តីនោះបានចេញទៅបាត់ ហើយស្ត្រីរងគ្រោះប្រហែលជាឈឺចិត្តខ្លាំងពេក ក៏បានសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯងបែបនេះតែម្តង៕