ប្រសាសន៍ប៉ុន្មានម៉ាត់របស់ឯកឧត្ដមបណ្ឌិត ឧកញ៉ា ម៉ុង ប្ញទ្ធី កាលពីពេលថ្មីៗនេះ ឃើញថាបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពេញចិត្តយ៉ាងខ្លាំងតែម្តង ដោយសារតែលោកបានលើកឡើងនិយាយចំៗ ទៅលើពួកតារាហ្វេសប៊ុកមួយចំនួន ដែលបច្ចុប្បន្ននេះតែងតែបង្អួតសម្ញែងជាមួយឡានទំនើបៗ ផ្ទះវីឡា មាស ពេជ្រ តាមបណ្តាញសង្គម ដែលហាក់មើលទៅដូចជាគ្មានតម្លៃអ្វីសោះឡើយសម្រាប់រូបលោក ព្រោះលោកថាបើយកលុយទាំងនេះទៅបង្កើតគំនិតអ្វីផ្សេង ដើម្បីជាប្រយោជន៍ជួយដល់សង្គមទើបជាការល្អ។
ដោយឡែក ជាថ្មីៗម្តងទៀតរ ម្ចាស់ជំនួញផ្នែកកសិឧស្សាហកម្មដ៏ល្បីឈ្មោះនៅកម្ពុជារូបនេះ ក៏បានបង្ហោះវីដេអូនៃរូបភាពសាងសង់ទំនប់ទឹក២អស់ជាង១លានដុល្លារ និងសរសេររៀបរាប់ចំអកប្រៀបធៀបទៅនឹងការទិញរថយន្តរ៉ូសរ៉យ RR ក្នុងខ្លឹមសារដើមទាំងស្រុងថា៖ «នៅរដូវរំហើយឆ្នាំ២០១៩ដោយមានការព្រួយបារម្ភខ្លាចមានគ្រោះរាំងស្ងួត មិនប្រក្រតីណាមួយអាចនិងកេីតឡេីងជាយថាហេតុ ខ្ញុំបានផ្តួចផ្តើមគំនិតវាស់វែងកំណត់យកផ្ទៃដីប្រមាណជាជាង៥០ហិកតា ដែលមានទីតាំងស្ថិតនៅចុងខាងលិចភ្នំបូកគោភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកសាងសង់ទំនប់ទឹកចំនួន២កន្លែង គឺទំនប់ទឹកម៉ុង ឫទ្ធីទី១ប្រវែង 428mកំពស់ 12m ខ្នងលេីជាមធ្យម12mប្រេីប្រាស់អាចម៍ដីអស់ចំនួន 122.000m3 អាចស្តុបទឹកបានជាមធ្យម250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន350.000.00USD ។
ទំនប់ទឹកម៉ុង ឫទ្ធីទី២ប្រវែង1.736mកំពស់11m ខ្នងលេីជាមធ្យម6mទៅ10mដែលអាចស្តុបទឹកបានជាមធ្យម1.250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 850.000.00USD បញ្ចប់ការងារសាងសង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។
ទំនប់ទឹកទាំងពីរនេះអាចស្តុបទឹកបានប្រមាណជា1.500.000m3ការចំណាយថវិការអស់ចំនួន USD1.172.020,00 បេីព្រៀបធៀបទៅនិងរថយន្តរ៉ូសរ៉យ RR សារីថ្មីទំនេីបឥឡូវមានគេប្រាប់ខ្ញុំថាតម្លៃរហូតទៅដល់ 1.500.000.00ដុល្លារឯណោះ ចំពោះគំនិតរបស់ខ្ញុំគឹតថាយកលុយមកសាងសង់ទំនប់ទឹកមានផលប្រយោជន៍ជាង មិនតែប៉ណ្ណោះវាជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុត សម្រាប់បំរេីសេចក្តីត្រូវការទឹករបស់ប្រជាជននាពេលបច្ចុប្បន្ន ក៏ដូចជាតំណរតទៅអនាគតកូនចៅជាច្រើនជំនាន់តទៅ ។» ៕