សមត្ថកិច្ចឆ្មក់បង្រ្កាបក្លឹបកំសាន្ត និងខារ៉ាអូខេយីហោក្លឹប១៣ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៩៣នាក់ និងថ្នាំញៀនមួយចំនួនធំ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ ម៉ោងប្រមាណ ១២៖២០ នាទីយប់ ក្រោយពីទទួលបានគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្រ្កាបក្លឹបនិងខារ៉ាអូខេមួយកន្លែងឈ្មោះ ក្លឹប១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៩ កែង២០៦ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការចុះបង្រ្កាបជាក់ស្តែងនៅទីតាំងក្លឹងកំសាន្ត និងខារ៉ាអូខេ យីហោ ក្លឹប១៣ នេះ អាជ្ញាធរមូលដ្ឋានបានចុះធ្វើការណែនាំជាច្រើនលើកច្រើនសារមកហើយ ដោយបានណែនាំក្លឹបកំសាន្ត និងខារ៉ាអូខ យីហោក្លឹប១៣ នេះ ឲ្យធ្វើការកែប្រែពីក្លឹប និងខារ៉ាអូខេ ទៅជាភោជនីយដ្ឋានវិញ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់នូវការរីករាដាលនូវជំងឺកូវីដ-១៩ ។

បើតាមមន្រ្តីមូលដ្ឋានបានឲ្យដឹងទៀតថា ក្លឹបកំសាន្ត និងខារ៉ាអូខេយីហោ ក្លឹប១៣ នេះ កំពុងតែធ្វើសំណើដើម្បីប្តូរឈ្មោះ ពីក្លឹប១៣ ទៅជា ភោជនីយដ្ឋានហ្គោល១៨ ប៉ុន្តែទន្ទឹមនឹងការផ្លាស់ប្តូរ ក្លឹបកំសាន្តមួយនេះបានបើកឲ្យភ្ញៀវចូលច្រៀងកំសាន្ត និងប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យក្នុងបន្ទប់ខារ៉ាអូខេ ហើយភ្ញៀវទាំងនោះភាគច្រើនសុទ្ធតែជាជនជាតិចិន ។

ក្នុងប្រតិបត្តិការបង្រ្កាបជាក់ស្តែងរកឃើញនូវថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ៩៣ នាក់ ក្នុងនោះស្រីចំនួន ៤០នាក់ និងប្រុស៥៣ នាក់ រួមទាំងបុគ្គលិក ដែលបម្រើការក្នុងក្លឹបកំសាន្តមួយនេះ និងរថយន្តទំនើបៗជាច្រើនគ្រឿង ។

ក្រោយបញ្ចប់ប្រតិបត្តិការ មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ដោយ នាគជ័យ