ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំម្នាក់​ត្រូវបាននាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំយកកាំបិតគំរាមចាក់បំពង់កប៉ុនប៉ងមនុស្សឃាត

កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​សួរនាំ​លោក ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ពាក់ព័ន្ធករណី​ប៉ុនប៉ង ​មនុស្សឃាត ដោយយកកាំបិត ​ប៉ុនប៉ងចាក់ ក មកលើ​លោក សាយ វាសនា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ប៉ុន្តែមិនបានសម្រេច ។

រឿងហេតុកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោងជាង​៩​យប់ នៅ​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រ​ចិន្តា បន្ទប់ «​កែប​» ដែលមានអាស័យដ្ឋានស្ថិតក្នុងភូមិបល្ល័ងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ខណៈលោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយ​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ, លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ, លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ, ឈ្មោះ លី យ៉ា​ស៊ីន និង ឈ្មោះ ព្រាម ហាក់ កំពុង​ហូបចុក​អាហារ​សាមគ្គី​ជុំគ្នា ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនល្មើស​ ​ធ្វើ​អាកប្បកិរិយា ស្រវឹង ធ្វើ​ដូច​មិនដឹង​រឿង​អី​ និងមានរឿងអ្វីកើតឡើងអញ្ចឹង ។
បើតាមប្រភពព័ត៌មានពីសំណាក់មហាជនខ្សឹបខ្សៀវប្រាប់ឲ្យដឹងថា ជនល្មើស​នេះ បាន​ចងគំនុំ​នឹង​លោក សាយ វាសនា ជាយូមកហើយ  ព្រោះ លោក សាយ វាសនា បានទទួល​បន្ទុក ក្នុង​សំណុំរឿង​ដែល​ជនល្មើស​បាន​ដឹកនាំ​កម្លាំង​ ចុះទៅ​ចាប់​គ្រឿងចក្រ​របស់​ឈ្មោះ ជុ​ត ថា​ន ដោយមិនបានឆ្លងយោបល់ និងរាយការណ៍ដល់ព្រះរាជអាជ្ញា  ហើយមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដោយ​បុគ្គលនេះមិនមាន​សម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ បន្ទាប់មក ជនល្មើស​បានស្នើសុំ​ឲ្យ​លោក សាយ វាសនា កុំ​ចាត់ការក្នុងសំណុំរឿងនោះ ប៉ុន្តែ​លោក សាយ វាសនា បាន​អនុវត្ត​តាមនីតិវិធី​ច្បាប់ ព្រោះថា ឈ្មោះ ជុ​ត ថា​ន មិន​ព្រម​ចរចា ហើយ​ជនល្មើសគុំគួនតាំងពីពេលនោះមករហូត ។​
​បន្ទាប់ពីធ្វើសកម្មភាពរួច គេឃើញមានវត្តមាន លោក ស៊ិន វីរៈ ព្រះរាជអាជ្ញា​អមអយ្យការ​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះទៅ​ដល់កន្លែងកើតហេតុ​ភ្លាមៗ ហើយ​បញ្ជា​ឲ្យកម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ ជនល្មើស​នាំខ្លួនមក​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី ៕