ក្រចេះ ៖ ក្នុងកិច្ចប្រតិបត្តិការអស់រយៈពេល១៥ថ្ងៃ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាល និងកម្លាំងស្នងការដ្ឋាននគរបាល៤ខេត្តរួមមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ បានប្រតិបត្តិការតាមយ៉ាងប្រគៀតប្រគិតជាមួយជនដៃដល់ ដែលជាឃាតក ដែលបានរត់ពីខេត្តមួយទៅខេត្តមួយ តែចុងបញ្ចប់ជនដៃដល់ត្រូវកម្លាំងសមត្ថកិច្ចបាញ់ស្លាប់ ខណៈពេលដែលជនដៃដល់រូបនេះមិនព្រមប្រគល់ខ្លួន ហើយបាញ់តដៃជាមួយសមត្ថកិច្ច ។
ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្រុកសំបូរ នឹងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។ ជនដៃដល់ដែលត្រូវបាញ់ស្លាប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ។
មុនពេលគ្រោះថ្នាក់ចរាចរណ៍នោះ ជនដៃដល់ដែលជាខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះបណ្តាលឲ្យបែកស្តុបខាងក្រោយ បន្ទាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនដៃដល់បាន ដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ ត្រូវចំក្បាល និងដងខ្លួនចំនួន ៣គ្រាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ហើយនាំគ្នាបើករថយន្តរត់គេចខ្លួនបានស្រមោលតែម្តង ។
ក្រោយប្រតិ បត្តិការស្រាវជ្រាវដោយដោយនគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន រហូតដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ដែលត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស រួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន ហើយត្រូបានចៅក្រមស៊ើបសួរសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ៕