អាជ្ញាធរថៃ កាលពីពេលថ្មីៗនេះ បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលដោយរាយបន្លាលួសនៅតាមខ្សែបន្ទាត់ព្រំដែនរបស់ខ្លួន ដើម្បីការពារពលករចំណាកស្រុកបរទេសខុសច្បាប់ លួចចូលក្នុងប្រទេសខ្លួនទៀត ខណៈដែលពេលនេះ បាននិងកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈមានការព្រួយបារម្ភពីការរីករាលដាលនៃ Covid-19 បន្តផ្ទុះឡើងថ្មីទៀត ។
លោកនាយឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្រ្តី បានបញ្ជាទៅបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC), នាយកដ្ឋានរដ្ឋបាលយោធាប៉ូលីស និងក្រសួងការងារ ត្រូវតែធ្វើការរួមគ្នាយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព ក្នុងការឃ្លាំមើលស្ទាក់ចាប់ការបង្ក្រាបការរត់ពន្ធជនចំណាកស្រុកខុសច្បាប់នៅតំបន់ព្រំដែន និងតំបន់ខាងក្នុង ដោយត្រួតពិនិត្យពលករបរទេសនៅកន្លែងធ្វើការ ស្របពេលដែលតម្រូវការកម្លាំងពលកម្មមានច្រើន ហើយស្ថិតិក៏បង្ហាញពីការចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់ថែមទៀត បន្ទាប់ពីវិធានការបន្ធូរបន្ថយដើម្បីត្រួតពិនិត្យការរីករាលដាលនៃ covid-19 ។
លោកឧត្តមសេនីយ៍ Prawit ក៏បានស្នើដល់កងកម្លាំងការពារព្រំដែនទាំងដីគោគ និងសមុទ្រ ចូលរួមគាំទ្របេសកកម្មនេះ ដើម្បីបញ្ឈប់ពលករបរទេសនៅតាមព្រំដែន តាមរយៈការល្បាតឲ្យបានញឹកញាប់ទៅលើតំបន់ឆ្លងកាត់ច្រករបៀង និងក៏ដូចសម្របសម្រួលជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសជិតខាងជាពិសេសមីយ៉ាន់ម៉ា និងកម្ពុជា ដើម្បីដោះស្រាយបញ្ហាជនអន្តោរប្រវេសន៍ខុសច្បាប់បន្ថែមទៀត។
សម្រាប់ច្រកឆ្លងកាត់ធម្មជាតិ និងតំបន់ខាងក្នុង លោកក៏បានស្នើដល់កម្លាំងពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តច្បាប់ ឲ្យស្របទៅនឹងតម្រូវការឆ្លងដែន។ ហើយទន្ទឹមនោះផងដែរ ត្រូវត្រួតពិនិត្យជំងឺយ៉ាងយកចិត្តទុកដាក់បំផុត និងក៏ដូចបើកប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីចាប់ខ្លួនបណ្តាញ (មេខ្យល់) នៃការរត់ពន្ធពលករចំណាកស្រុកខុសច្បាប់ នៅតាមតំបន់នានា នៅគ្រប់តំបន់ជាបន្តបន្ទាប់ ដោយតាមដានរកឲ្យឃើញសាវតា និងទិសដៅនិយោជកដែលទទួលយកកម្មករខុសច្បាប់មកធ្វើការ៕